30/12/2023
មុខលិង្គ
----------
នៅក្នុងសិល្បៈខ្មែរនាសម័យមុនអង្គរ គេនិយមបង្ហាញព្រះឥសូរក្នុងទម្រង់ជាលិង្គ។ រហូតមកដល់សម័យអង្គរទើបមានការឆ្លាក់ព្រះឥសូរជារូបរាងមនុស្ស និងទទួលបានការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនពីព្រះមហាក្សត្រខ្មែរ ។ លិង្គតំណាងឲ្យព្រះឥសូរ ហើយក៏ជានិមិត្តរូបនៃភោគផល។
លិង្គមានទម្រង់ច្រើនសណ្ឋាន ទៅតាមតាមជំនឿ និងការគោរពប្រតិបត្តិ។ ដោយឡែកសិល្បៈការបង្ហាញលិង្គនេះ វិវឌ្ឍន៍ទៅតាមសម័យកាលនីមួយៗ។ លិង្គកើតឡើងពីធម្មជាតិហៅថា «ស្វយំភូលិង្គ» ដោយគេសន្មតយកដំបូកឬភ្នំធម្មជាតិដែលមានរាងមូលទ្រវែងមានសណ្ឋានដូចលិង្គធម្មជាតិ។ ចំណែកលិង្គបង្កើតដោយស្នាដៃមនុស្សហៅថា «ស្ថាបនិកលិង្គ» មានរាងមូល និងជ្រុង។
រីឯលិង្គមួយប្រភេទទៀតមានមុខមនុស្សហៅថា «មុខលិង្គ»។ ជាក់ស្ដែងវត្ថុពិចិត្រនៅសារមន្ទីរជាតិដែលកំពុងបង្ហាញនេះហៅថា មុខលិង្គ (ក.1622) មានប្រភពមកពីវត្តពោធិមេត្រីយ៍នៅខេត្តតាកែវ ក្នុងសម័យមុនអង្គរ នាសតវត្សរ៍ទី៧-៨ មានឆ្លាក់បង្ហាញមុខមនុស្សដូចដែលរៀបរាប់ខាងលើ។
សណ្ឋានមុខលិង្គទាំងមូលមាន៣ថ្នាក់ខុសៗគ្នា បង្ហាញពីនិមិត្តរូបនៃអាទិទេពធំៗទាំងបីនៃព្រហ្មញ្ញសាសនា។ នៅផ្នែកក្រោមនៃលិង្គមានរាងបួនជ្រុង តំណាងឲ្យព្រះព្រហ្មដែលមានមុខបួន និងជាអ្នកត្រួតត្រាលើទិសទាំងបួន។ ផ្នែកកណ្តាលមានរាងអដ្ឋកោណ (៨ជ្រុង) តំណាងឲ្យព្រះនារាយណ៍ក្នុងឋានៈជាទេពគ្រប់គ្រងបញ្ជាទៅទិស និងអនុទិសទាំង៨។ រីឯនៅលើកំពូលនៃលិង្គមានរាងមូលពងក្រពើតំណាងឲ្យព្រះឥសូរ ជានិមិត្តរូបនៃចក្រវាឡហើយគ្មានទីបញ្ចប់ និងមានឆ្លាក់បង្ហាញមុខមនុស្សនៅចំកណ្តាល ភ្ជាប់ខ្សែឆ្កូតតូចស្តើងទៅលើដូចជារូបពិតនៃលិង្គ។
ប្រភពឯកសារ៖
-សារមន្ទីរជាតិ
-សារមន្ទីរជាតិ ២០០៦ «វត្ថុពិចិត្រនៅសារមន្ទីរជាតិ» ផ្សព្វផ្សាយដោយ Friends of Khmer Culture, Inc. សហរដ្ឋអាមេរិក
-ឡុង ប៉ុណ្ណាស៊ីរីវត្ថ ១៩៩៤ «ទម្រង់និងការគោរពលិង្គព្រះឥសូរនៅស្រុកខ្មែរ» និក្ខេបបទបញ្ចប់បរិញ្ញាប័ត្របុរាណវិទ្យា មហាវិទ្យាបុរាណវិទ្យា ជំនាន់ទី១ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕
ប្រភព៖ ប្រយុទ្ធ