30/04/2021
#ទំនាក់ទំនង (វគ្គ2)
#និទានទំនាក់ទំនងសារជាតិ
#អណ្ដើកនិងសេរីភាព
ហ្វូងសត្វអណ្ដើកបានទៅជួបព្រះដើម្បីសុំសេរីភាពពីស្នូកចង្រៃមួយនេះ ព្រោះធ្ងន់ពិបាកធ្វើដំណើរមិនថាលើគោក ឬទឹកនោះទេ។ ព្រះក៏ព្រមតាមសំណើរមួយនេះដោយប្រគល់សេរីភាពជូនអណ្ដើក តែបានត្រឹមតែបីថ្ងៃ ត្រូវបានចចក ឥន្ទ្រី ពស់ ក្រពើ ខ្លាតាមប្រមាញ់ទាំងក្នុងទឹក និងលើគោក។ ធ្វើឲ្យគេត្រឡប់ទៅអង្វរព្រះម្ដងទៀតដោយសុខចិត្តទទួលយកស្នូកនោះវិញ ទើបអណ្ដើកអាចមានសុវត្ថិភាព និងសល់ពូជវង់មកទល់សព្វថ្ងៃ។
👆គ្រប់យ៉ាងនៃសម្ពាធ បន្ទុក ទម្ងន់វាសុទ្ធតែផ្សារភ្ជាប់ជាមួយទំនាក់ទំនងនៃសុវត្ថិភាព និងអំណាចអ្វីមួយ។ អ្នកមិនដែលយល់ពីវាទើបគិតថាមនុស្សសុទ្ធតែមានសិទ្ធ និងសេរីភាពដែលខ្លួនចង់បាន។
👉អ្នកឈឺទ្រាំលេបថ្នាំ និងញុាំដើម្បីជា!
👉អ្នកក្រីក្រត្រូវទទួលសម្ពាធរឹងមាំ ដើម្បីរស់!
👉អ្នកធ្វើការទទួលសម្ពាធមួយដើម្បីគោលការ!
👉អ្នកជំនួញរក្សាសម្ពាធមួយដើម្បីរក្សាម៉ូយក្នុងការប្រកួតប្រជែងបែបសេរី!
👉ព្រះសង្ឃរក្សាសម្ពាធមួយទ្រាំនឹងកិលេស!
👉សាសនារក្សាសម្ពាធមួយដើម្បីភាពត្រឹមត្រូវ!
👉អ្នកកាន់អំណាចមិនថារបបសេរី ឬផ្ដាច់ការឡើយ សុទ្ធតែទទួលសម្ពាធនោះដើម្បីថែរក្សាសុវត្ថិភាពមួយរបស់ខ្លួន និងប្រជាជាតិ-ល-។
☝️ប៉ុន្តែមនុស្សមួយចំនួនទេដែលស្រមើលស្រមៃលើសិទ្ធសេរីភាពមួយដែលមិនស្គាល់កាតព្វកិច្ចតួនាទីរបស់ខ្លួន! មនុស្សយើងចាប់ផ្ដើមមានសម្ពាធតាំងពីកើតមករហូតស្លាប់ គ្មានការចង់បានណាមួយដែលដូចចិត្តដោយមិនប្ដូរនឹងការទ្រាំលើអ្វីមួយដែលខ្លួនមិនពេញចិត្តឡើយ! តែភាពពេញចិត្ត និងភាពជំនះធ្វើដោយមិនដឹងមិនយល់ទើបបង្កើតកំហុសជីវិតនៅថ្ងៃក្រោយ។
⏩ចងចាំថា៖ គ្រប់យ៉ាងដែលធ្វើឲ្យយើងមានលំនឹងបានទល់សព្វថ្ងៃសុទ្ធតែផ្សារភ្ជាប់ជាមួយសម្ពាធរបស់វាមួយដែលអ្នកអាចនឹងមិនពេញចិត្ត! ហើយប្រហែលជាពេលដែលអ្នកបាត់សម្ពាធមួយនោះក៏ជាទីអាវសាន្តនៃជីវិតអ្នកដែរ។
#សិស្សដែលឥតខ្ចោះ
ការប្រកាសរកសិស្សដែលឆ្នើមក្នុងសាលាត្រូវបានធ្វើឡើងសិស្សថ្នាក់កមានម្នាក់ដែលពូកែប្រាំមុខលើវិជ្ជាអក្សរសាស្ត្រ សង្គម ពលរដ្ឋ ប្រវត្តិសាស្ត្រ និងសាសនា រីឯសិស្សនៅថ្នាក់ខក៏ពូកែប្រាំមុខដែរគឺលេខវិទ្យា បាតុភូតវិទ្យា ប្រតិកម្មវិទ្យា វិភាគវិទ្យា និងភូមិវិទ្យា។
គ្រូបង្រៀនថ្នាក់ខគិតថាសិស្សខ្លួនពូកែ និងអំណោយទានស្រាប់ គ្រាន់តែដើលេងញែរស្រីមិនមើលសៀវភៅសោះក៏អាចពូកែប្រាំមុខទៅហើយ ចុះបើប្រឹងមើលសៀវភៅដូចសិស្សថ្នាក់ករឹតតែអាចក្លាយជាអច្ឆរិយបុគ្គលក៏ថាបាន។ ក៏បញ្ជារឲ្យរយៈពេលប្រាំថ្ងៃសម្ងំរៀនមិនឲ្យចេញក្រៅ។
រីឯគ្រូបង្រៀនថ្នាក់កគាត់គិតថាសិស្សរបស់គាត់គឺបានកំណត់ភាពត្រឹមត្រូវតាមបទដ្ឋានការសិក្សាររួចជាស្រេចប្រហែលជាសិស្សថ្នាក់ខមានបច្ចេកទេសពិសេសផ្ទាល់ខ្លួនដើម្បីរៀនក៏ប្រាប់ឲ្យសិស្សគាត់សើបពីសកម្មភាពសិស្សថ្នាក់ខនោះយកមកអនុវត្តតាមមុនពេលប្រឡង។
ទីបំផុតសិស្សទាំងពីត្រូវបានធ្លាក់ទៅបាតតារាងទាំងពីរនាក់ នាយកសាលាបានហៅគេទាំងពីរនាក់មកសួរនៅមូលហេតុ៖
សិស្សថ្នាក់ក៖ ខ្ញុំស្ដាប់តាមលោកគ្រូឲ្យស្វែងពីសកម្មភាពសិស្សថ្នាក់ខហើយអនុវត្តតាមរាល់ថ្ងៃ គឺដើរលេង ញែរស្រី និងគេងច្រើនធ្វើឲ្យសូម្បីមុខវិជ្ជាដែលខ្ញុំចេះស្ទាត់ទាំងប្រាំក៏ត្រូវភ្លេចភ្លាំងអស់ ហើយថែមទាំងមិនយល់ពីមុខវិជ្ជាទាំងប្រាំដែលសិស្សថ្នាក់ខអាចយល់បាន។
សិស្សថ្នាក់ខ៖ លោកគ្រូខ្ញុំបញ្ជារឲ្យខ្ញុំប្រឹងអានសៀវភៅមុខវិជ្ជាដែលសិស្សថ្នាក់ករៀនពូកែ តែទម្លាប់ខ្ញុំគឺសេរីភាពផ្លូវចិត្ត ទើបយល់គ្រប់បាតុភូតប្រតិកម្ម! វាកើតឡើងនៅពេលដែលចិត្តខ្ញុំរីករាយ និងដើរតាមរបៀបខ្ញុំ! ដល់ពេលលោកគ្រូបញ្ជារបែបនេះធ្វើឲ្យអារម្មណ៍ខ្ញុំធុញថប់មួម៉ៅ មើលអ្វីក៏មិនចូល ហើយគ្មានបានពេលទៅដើរលេងគ្មានឱកាសប្រើកម្លាំងវិភាគទីបំផុតស្អីក៏លែងចេះ។
ទីបំផុតលោកគ្រូទាំងពីរដែលឆ្នើមបំផុតប្រចាំសាលា និងប្រចាំប្រទេសត្រូវបានបញ្ជូនទៅបក្សស្មូមដើម្បីកសាង និងអប់រំគរុកោសល្យសារជាថ្មី។
👆និស្ស័យ និងទម្លាប់វាផ្សារភ្ជាប់ទំនាក់ទំនងជាមួយសមត្ថភាពមនុស្ស ពេលខ្លះមនុស្សយើងបែរជាលោភលន់នូវអ្វីដែលគេមានចង់ធ្វើបានដូចគេទាំងងុបងុល ភ្លេចថាអ្វីគ្រប់យ៉ាងវាបានចងភ្ជាប់យ៉ាងអាថ៌កំបាំងនូវសមត្ថភាព និងទេពកោសល្យនោះ។
👉ការដែលផ្ដាច់បាននូវទម្លាប់មួយ វានឹងកើតឡើងនូវលទ្ធផលមួយទាំងដែលយើងមិនបានដឹងថាវាជាផលវិជ្ជមាន ឬអវិជ្ជមាននៅឡើយ! ម្នាក់ៗដែលបានប្ដីពូកែរកលុយ ក៏អាចព្រោះតែនិស្ស័យអាក្រក់របស់គាត់កន្លែងណាមួយដែលបង្កើតថាមពលប្រាជ្ញារបស់គាត់! ឬក៏កូនដែលមានចំណុចមួយដែលអ្នកមិនចង់បានតែអនាគតល្អជាងកូនដែលមានចំណុចដែលអ្នកចង់បាន។
☝️មិនថាវាជារឿងប្រពៃដែលអ្នកចង់បាន ឬជារឿងមួយដែលអ្នកស្អប់ឡើយ មនុស្សមានថាមពលចម្លែករៀងខ្លួននៃគន្លងមួយដែលកកើតក្នុងភាពជាគេ! បើសិនចំណុចអាក្រក់នោះវាត្រូវតែកែព្រោះវាបានប៉ះពាល់ដល់អ្នកដទៃចូរកែវាឲ្យអស់លទ្ធភាព! តែបើវាមិនបានផ្ដល់ផលលំបាកនោះទេចូរប្រយ័ត្ននៃសញ្ញាណដែលអ្នកបាត់បង់ ថាបើសិនជាដាច់នូវទំនាក់ទំនងធម្មជាតិនោះ អ្នកនឹងបាត់បង់ភាពបុិនប្រសប់នោះឬទេ។
⏩ចងចាំថា៖ គ្រប់យ៉ាងនៃចរិត ទម្លាប់ និងសារជាតិសុទ្ធតែមានទំនាក់ទំនងជាមួយសមត្ថភាព ទេពកោសល្យ និងភាពប៉ិនប្រសប់នៃជីវិត! ត្រូវដឹងថាថែរក្សាវាអ្នកនឹងទទួលបានផលបែបណា និងក្រោយកែអ្នកនឹងទទួលលទ្ធផលបែបណាសម្រាប់ជីវិត។
#ផ្លែដង្ហើមនិងផ្លែអប្រិយ
ស្ដេចនៃនគរហង្សត្រូវបានស្ដេចនៃនគរនាគយាងផ្លូវរដ្ឋមកកម្សាន្តនគរខ្លួនរយៈពេលបីថ្ងៃ។ ព្រះអង្គបានទតឃើញភាពរីកចម្រើននៃនគរនាគមានការលូតលាស់ជាខ្លាំង ដោយសារប្រជាជនគេមានដំណាំផ្លែអប្រិយ ដែលប្រជាជាតិដទៃគ្មាន និងត្រូវតែទិញពីរនគរនោះ។ ដោយហេតុនេះព្រះអង្គបានបញ្ជារឲ្យសេនាប្រមុខយកប្រាក់ជាច្រើនទៅប្ដូរក្បួនដាំដំណាំអប្រិយមកវិញ និងបញ្ជារឲ្យរាជទូតទិញផ្លែអប្រិយទុំជាច្រើនលើសលុបសឹងតែអស់ទ្រព្យពីឃ្លាំងដើម្បីបានពូជនោះដល់ប្រជាជន។
ពេលទៅដល់នគរហង្សវិញ ប្រជាជនដែល៩០%នៃនគរប្រកបរបរដាំដំណាំផ្លែដង្ហើមលើផ្ទៃដីរបស់ពួកគេត្រូវបាន ព្រះរាជាបញ្ជារឲ្យកាប់ចោលទាំងស្រុង រួចចម្លងក្បួនដាំដំណាំអប្រិយជំនួស។
ប៉ុន្តែដំណាំទាំងនោះធំតែដើមបែរជាមិនចេញផ្លែ ធ្វើឲ្យនគរទាំងមូលគ្មានប្រាក់កាសសម្រាប់ទ្រទ្រង់ដូចមុន ប្រជាជនខ្ចីបុលពីមិត្តភក្តិដែលស្គាល់នគរជិតខាង។
ព្រះរាជាគិតថាអ្នកដែលផ្ដល់ក្បួនប្រហែលជាកុហក ក៏ប្រើឲ្យគេទៅមើលការដាំសារជាថ្មី។ ទីបំផុតគេក៏បានដឹងថាដំណាំនោះដាំបានតែដីរបស់គេទេក្នុងក្បួនបែបនោះ ព្រោះជាប្រភេទដីដុះថ្មី ហើយអាកាសធាតុដែលចេញផ្លែពេលខែត្រជាក់ ដែលនគរហង្សមិនអាចមានសីុតុណ្ហភាពបានពេញមួយឆ្នាំ។
ព្រះអង្គបានយល់តែអ្វីៗត្រូវបានចាប់ផ្ដើមដាំដើមដង្ហើមសារជាថ្មីក្នុងរយៈពេលទៅដល់៧ឆ្នាំទើបបានផល ហើយក៏ក្លាយជាប្រទេសជាប់បំណុលគេរាប់រយឆ្នាំដោយសារការប្រាក់។
👆រឿងនេះបង្ហាញឲ្យអ្នកយល់ច្បាស់ គ្រប់យ៉ាងនៃធម្មជាតិវាបានចង់ភ្ជាប់ទំនាក់ទំនងគ្នា ចង់បានផលល្អសម្លាប់ កម្ទេចភាពចាស់របស់ខ្លួន រួចបញ្ចូលអ្វីដែលអ្នកគិតថាមានតម្លៃឲ្យចូល។
👉ក្រុមមនុស្សក៏ដូច្នោះដែរស្ថានភាពសង្គមរបស់គេគឺរស់នៅតាមបែបផែននៃចរិត វប្បធម៌ និងស្ថានភាពជីវិតរបស់ពួកគេ ទើបបង្កើតតម្លៃមួយរបស់ពួកគេ! បើទោះជាអ្នកផ្លាស់ក្រុមពួកគេទៅរស់នៅទីតាំងមួយដែលអ្នកគិតថាវាធ្វើឲ្យពួកគេរឹងមាំបែបផែនដូចក្រុមមនុស្សផ្សេង ក៏គេមិនប្រាកដទទួលបាននៅភាពរឹងមាំនៃក្រុមនោះដែរ។
👆អ្នកប្រហែលជាគិតថាយកពូជអ្នកសាងអង្គរទៅដាក់នៅលើទឹកដីម៉ុងហ្គោលីរឹតតែអស្ចារ្យ! តែអ្នកភ្លេចគិតហើយថាបើទោះជាជនជាតិមុងហ្គោលីមករស់នៅលើដែនដីអង្គរ ក៏ប្រហែលជាគ្មានប្រាសាទថ្មជាច្រើនដូចសព្វថ្ងៃនេះដែរ។ ព្រោះសារជាតិនៃពូជសាសន៍ វាភ្ជាប់ទំនាក់ទំនងភាពខ្លាំងខ្សោយលើស្ថានភាពសង្គមរបស់ពួកគេតាមបែបផែននៃសារជាតិរបស់ពួកគេ។
⏩ចងចាំថា៖ ដាំដំណាំអ្វីបានផលដំណាំនោះ លុះត្រាតែដាំក្នុងអាកាសធាតុនៃដំណាំនោះប៉ុណ្ណោះ! បណ្ដុះមនុស្សណាកើតមនុស្សនោះ ក៏លុះត្រាតែវាផ្សារភ្ជាប់ទំនាក់ទំនងនៃស្ថានភាពសង្គមផងដែរ! បើមិនដូច្នោះទេដំណាំនោះ មនុស្សនោះវានឹងរលាយដោយសារឥទ្ធិពល និងភាពមិនអាចចុះសម្រុងនៃស្ថានភាពចិត្ត និងគំនិត៕
ដកស្រង់ចេញពី #ព្រេងនិទានអាថ៌កំបាំងមួយមុឺនឆ្នាំ របស់បក្សស្មូមដែលមិនចេញលក់ជាដាច់ខាត!
មេបក្ស ស្មូម 😈 ( #ប៉ាកកាបិសាច)
បក្សស្មូម, 25 - ឧសភា - 2019