05/03/2026
គ្រូបង្រៀនអស់សង្ឃឹម ចង់បោះបង់អាជីពចោល
មានគ្រូបង្រៀនជាច្រើន ជាពិសេសគ្រូក្មេងៗដែលមានសមត្ថភាព បានសម្រេចចិត្តលាឈប់ពីក្របខ័ណ្ឌ ឬបាត់បង់ចំណង់ចំណូលចិត្តក្នុងការបង្រៀន បញ្ហានេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាជារឿងប្រព័ន្ធ និងសម្ពាធសង្គមដែលបានចាក់ស្រែះយ៉ាងជ្រៅ...
សុវត្ថន៍មិនបានបន្ទោសនរណាម្នាក់ឬស្ថាប័នណាមួយទេ គ្រាន់តែចង់ឱ្យលោកអ្នកបានដឹងពីទុក្ខលំបាកខ្លះៗរបស់គ្រូបង្រៀន ដែលមនុស្សភាគច្រើនមិនសូវដឹង
ទោះបីជាប្រាក់បៀវត្សរ៍គ្រូបង្រៀនមានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងកាលពី ១០ ឆ្នាំមុន ប៉ុន្តែវានៅតែមិនទាន់ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង
- តុល្យភាពចំណូល និងចំណាយ... តម្លៃទំនិញលើទីផ្សារ ថ្លៃផ្ទះជួល និងថ្លៃសេវាផ្សេងៗបានហក់ឡើងខ្ពស់ជាងកំណើនប្រាក់ខែ គ្រូបង្រៀនដែលមានគ្រួសារ ពិបាកនឹងរស់នៅតែលើប្រាក់ខែរដ្ឋតែមួយមុខដោយគ្មាន "មុខរបរបន្ថែម"។
- បច្ចុប្បន្នមានការរឹតបន្តឹងលើការបង្រៀនគួរ (បង្រៀនបន្ថែម) ដែលកាលពីមុនជាប្រភពចំណូលធំមួយរបស់គ្រូ នៅពេលដែលចំណូលបន្ថែមនេះបាត់បង់ ខណៈប្រាក់ខែរដ្ឋមិនទាន់គ្រប់គ្រាន់ គ្រូបង្ខំចិត្តទៅរកការងារឯកជន ឬលក់ដូរអនឡាញ ដែលនាំឱ្យបាត់បង់ការផ្តោតអារម្មណ៍លើការបង្រៀន។
គ្រូបង្រៀនបច្ចុប្បន្នត្អូញត្អែរថា... ពួកគាត់ចំណាយពេលលើ "ក្រដាសស្នាម" ច្រើនជាងការត្រៀមកិច្ចតែងការបង្រៀនទៅទៀត
៙ ការបំពេញទម្រង់បែបបទផ្សេងៗ ការធ្វើផែនការសកម្មភាព និងការងាររដ្ឋបាលដែលតម្រូវដោយសាលា និងមន្ទីរមានច្រើនស្អេកស្កះ។
៙ កិច្ចកម្ម ឬការងារសហគមន៍ផ្សេងៗ ដែលធ្វើឱ្យពួកគាត់មិនមានពេលវេលាសម្រាក និងអភិវឌ្ឍសមត្ថភាពបង្រៀនរបស់ខ្លួន។
ក្នុងបរិបទសង្គមឌីជីថល គ្រូបង្រៀនហាក់រងសម្ពាធខ្លាំងពីសំណាក់មហាជន
៙ ការរំពឹងទុកខ្ពស់ពេក មាតាបិតាមួយចំនួនបានទម្លាក់បន្ទុកអប់រំកូនទាំងស្រុងមកលើគ្រូ នៅពេលកូនរៀនខ្សោយ ឬមានអាកប្បកិរិយាមិនល្អ ពួកគាត់ច្រើនតែបន្ទោសគ្រូ ឬសាលា ជាជាងសហការជាមួយគ្នា។
៙ ការប្រមាថលើបណ្តាញសង្គម រាល់កំហុសឆ្គងបន្តិចបន្តួចរបស់គ្រូ ជួនកាលត្រូវបានគេថតបង្ហោះ និងរិះគន់ជាន់ពន្លិចដោយមិនមានការយោគយល់ ដែលធ្វើឱ្យគ្រូបាត់បង់ទំនុកចិត្ត និងកិត្តិយសក្នុងអាជីព។
ឥរិយាបថរបស់អ្នកគ្រប់គ្រងសាលា (នាយក/នាយិកា) ដើរតួនាទីយ៉ាងសំខាន់
៙ បក្សពួកនិយម = ការផ្តល់រង្វាន់លើកទឹកចិត្តជួនកាលមិនផ្អែកលើសមត្ថភាពពិតប្រាកដ ប៉ុន្តែផ្អែកលើភាពជិតស្និទ្ធជាមួយអ្នកមានអំណាច ឬលង់ជឿចំពោះតែបុគ្គលពូកែតែសម្ដែងយកចិត្ត។
៙ កង្វះការគាំទ្រ = នៅពេលគ្រូជួបបញ្ហាជាមួយសិស្ស ឬឪពុកម្តាយ នាយក/នាយិកាខ្លះមិនឈរខាងគ្រូដើម្បីការពារយុត្តិធម៌ឡើយ ប៉ុន្តែបែរជាបន្ទោសគ្រូដើម្បីតែរក្សារូបភាពសាលាទៅវិញ។
ការអប់រំឌីជីថលទាមទារឱ្យគ្រូមានសមត្ថភាពខ្ពស់លើបច្ចេកវិទ្យា
គ្រូត្រូវបានជំរុញឱ្យប្រើបច្ចេកវិទ្យា ប៉ុន្តែសាលារៀនជាច្រើននៅតាមជនបទមិនមានអ៊ីនធឺណិត ឬកុំព្យូទ័រគ្រប់គ្រាន់ គ្រូត្រូវចំណាយលុយផ្ទាល់ខ្លួនដើម្បីទិញសម្ភារៈទាំងនោះ ដែលកាន់តែបន្ថែមបន្ទុកហិរញ្ញវត្ថុ។
សិស្សលែងស្ដាប់គ្រូ
ក្នុងសង្គមបច្ចុប្បន្ន សិស្សៗខ្លះចរិតធំជាងស្ដេចទៅទៀត ក្អេងក្អាង ឈ្លើយ ឌឺ បង្រៀនលែងស្ដាប់ ណែនាំលែងជឿ ដូចនិយាយជាមួយដុំថ្មភ្នំ ជាមូលហេតុដែលធ្វើឱ្យគ្រូបាក់ទឹកចិត្តជាខ្លាំង។
♦️ ឥរិយាបថរបស់នាយក/នាយិកា ដែលមិនគួរអនុវត្តចំពោះគ្រូបង្រៀន
១. ការប្រើគ្រូឱ្យធ្វើការលើសពីតួនាទី
គ្រូបង្រៀនគឺជា "វិជ្ជាជីវៈជាន់ខ្ពស់" ដែលត្រូវការជំនាញច្បាស់លាស់ក្នុងការអភិវឌ្ឍសិស្ស ការបញ្ជាឱ្យធ្វើការងារផ្ទាល់ខ្លួន ឬការងារបន្ទាប់បន្សំផ្សេងៗ គឺជាការបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូ។
ផលប៉ះពាល់... ធ្វើឱ្យគ្រូអស់ជំនឿលើអ្នកដឹកនាំ និងមានអារម្មណ៍ថាខ្លួនគ្រាន់តែជា "ឈ្នួល" ជាជាង "វិស្វករបង្រៀន" ដែលនាំឱ្យការលះបង់ក្នុងការបង្រៀនមានការថយចុះ។
២. ការរើសអើង និងកង្វះសមធម៌
ការលម្អៀងទៅខាងភាគីណាមួយ មិនមានភាពអព្យាក្រឹត និងការផ្តល់ផលប្រយោជន៍ដល់តែក្រុមមនុស្សជិតស្និទ្ធ។
ផលប៉ះពាល់... បង្កើតឱ្យមាន "បរិយាកាសពុល" គ្រូដែលខិតខំធ្វើការតែមិនជិតស្និទ្ធនឹងអ្នកគ្រប់គ្រងនឹងមានអារម្មណ៍អស់កម្លាំងចិត្ត និងអាចឈានដល់ការឈប់ពីការងារ។
៣. ការប្រកាន់យកមតិខ្លួនឯងជាធំ
មិនទទួលស្តាប់មតិយោបល់ និងបិទឱកាសក្នុងការទទួលយកទស្សនៈថ្មីៗពីគ្រូ
ក្នុងយុគសម័យបច្ចុប្បន្នដែលការអប់រំត្រូវការនវានុវត្តន៍ ការដែលអ្នកដឹកនាំនៅតែប្រកាន់ខ្ជាប់នូវផ្នត់គំនិតចាស់ៗ នឹងធ្វើឱ្យសាលារៀនដើរថយក្រោយ។
ផលប៉ះពាល់... គ្រូដែលមានគំនិតច្នៃប្រឌិតមិនហ៊ានបញ្ចេញគំនិតថ្មីៗ ព្រោះខ្លាចមានកំហុស ឬទោះបីជាបញ្ចេញមតិក៏មិនត្រូវបានគេទទួលស្គាល់ ដែលធ្វើឱ្យគុណភាពអប់រំនៅទ្រឹង។
៤. ការប្រើពាក្យសម្តីប្រមាថ មើលងាយ និងមិនផ្តល់កិត្តិយស
ការនិយាយឌឺដង បញ្ឆិតបញ្ឆៀង មើលងាយ ឬការលេងសើចក្នុងន័យអវិជ្ជមាន
ឥរិយាបថនេះអាចរាប់បញ្ចូលទាំងការបៀតបៀនតាមរយៈពាក្យសម្តី និងការធ្វើបាបផ្លូវចិត្តក្នុងកន្លែងធ្វើការ ដែលផ្ទុយស្រឡះពីក្រមសីលធម៌វិជ្ជាជីវៈ។
ផលប៉ះពាល់... បំផ្លាញសុខភាពផ្លូវចិត្តរបស់គ្រូ បង្កើតបរិយាកាសភ័យខ្លាច និងជាគំរូមិនល្អដល់សិស្សានុសិស្ស និងមាតាបិតា។
៥. ការដាក់បន្ទុកការងារច្រើនហួសប្រមាណ
ការបញ្ជាឱ្យធ្វើការងារដោយមិនគិតពីពេលវេលាធ្វើការធម្មតា រហូតប៉ះពាល់ដល់ពេលរៀបចំការបង្រៀន ឬពេលសម្រាក
គ្រូមានភារកិច្ចទទួលខុសត្រូវខ្ពស់ទាំងក្នុង និងក្រៅថ្នាក់រៀន ប្រសិនបើត្រូវរ៉ាប់រងការងាររដ្ឋបាល ឬសកម្មភាពផ្សេងៗដែល "លើសលប់" នឹងធ្វើឱ្យប្រសិទ្ធភាពបង្រៀនធ្លាក់ចុះដោយស្វ័យប្រវត្តិ។
ផលប៉ះពាល់.... "ពេលវេលារបស់សិស្សត្រូវបាត់បង់" នៅពេលដែលគ្រូត្រូវយកពេលបង្រៀនទៅធ្វើការងារឯកសារ ឬគម្រោងផ្សេងៗដែលអ្នកដឹកនាំចង់បានដើម្បីតែស្នាដៃផ្ទាល់ខ្លួន។
អ្នកដឹកនាំសាលារៀនក្នុងសម័យថ្មី គួរតែប្តូរតួនាទីពី "អ្នកបញ្ជា" មកជា "អ្នកសម្របសម្រួល" ដោយផ្តោតលើ....
៚ Empathy: ស្វែងយល់ និងយល់ចិត្តចំពោះការលំបាករបស់គ្រូ
៚ Equity: គ្រប់គ្រងការងារដោយតម្លាភាព និងយុត្តិធម៌
៚ Empowerment: លើកទឹកចិត្តឱ្យគ្រូមានចំណែកក្នុងការសម្រេចចិត្ត និងអភិវឌ្ឍសាលារួមគ្នា
ការអភិវឌ្ឍការអប់រំប្រកបដោយចីរភាព ត្រូវចាប់ផ្តើមពីការមានគ្រូដែលទទួលបានការមើលថែដោយសមរម្យ និងមានកិត្តិយសក្នុងកន្លែងធ្វើការ
ប្រសិនបើ "ម៉ាស៊ីនផលិតធនធានមនុស្ស" (គ្រូបង្រៀន) ចាប់ផ្តើមអស់ថាមពល និងចង់ឈប់សម្រាក វានឹងក្លាយជាវិបត្តិដ៏ធំសម្រាប់អនាគតប្រទេសជាតិ ដើម្បីដោះស្រាយបញ្ហានេះ សង្គមខ្មែរត្រូវ....
- ផ្តល់តម្លៃឱ្យពិតប្រាកដ មិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែតាមរយៈការផ្តល់សិទ្ធិអំណាច និងការគោរពសេចក្តីថ្លៃថ្នូរ
- កាត់បន្ថយការងាររដ្ឋបាល ទុកឱ្យគ្រូមានពេល "បង្រៀន" និង "ស្រាវជ្រាវ" ឱ្យបានពេញលេញ
- ពង្រឹងយុត្តិធម៌ក្នុងស្ថាប័ន លុបបំបាត់វប្បធម៌ខ្សែស្រឡាយក្នុងសាលារៀន
- ពង្រឹងសមត្ថភាព និងកែប្រែសាលារៀនឱ្យទាន់សម័យ នាយក/នាយិកា គ្រូ.... ត្រូវតែអភិវឌ្ឍខ្លួនជានិច្ច ព្រោះប្រសិនបើនៅតែមានគំនិតចាស់កម្រិល ធ្វើដដែលៗ ១០-២០ ឆ្នាំ នៅតែដដែលៗ ធនធានមនុស្សមានចំណេះដឹង (ទំពាំងស្នងឫស្សី) ក្នុងសង្គមជាតិខ្មែរមិនអាចរីកចម្រើនតាមទាន់ពិភពលោកខាងក្រៅបានឡើយ។
"គ្រូបង្រៀនមានសុភមង្គល ទើបសិស្សមានពន្លឺ"
_____សុវត្ថន៍-Sovathn
#សុវត្ថន៍_Sovathn #គ្រូ #សិស្ស #សិស្សខូច #អប់រំសិស្ស #គ្រូ #លោកគ្រូ #អ្នកគ្រូ #អនាគតសិស្ស #ទំពាំងស្នងឬស្សី #សិស្សសាលា #ប្ដូរអាវ #តស៊ូការងារ #ខំធ្វើការ #ធ្វើការ #គោលដៅជីវិត #ការផ្លាស់ប្ដូរ #ជ័យជម្នះ #កម្លាំងចិត្ត #ខ្លួនឯង #អត់ធ្មត់ការងារ #ទ្រាំនឹងការងារ #បរាជ័យ #យុវវ័យ #ក្មេងស្ទាវ #យុវជន #លត់ដំ #ហ្វឹកហាត់ #តស៊ូ #ខំប្រឹង